ស្ទើរមិនដាច់ឡើយ អ្នកដំណើរបានឆ្លងកាត់ស្ពានឫស្សីពីទីរួមខេត្តកំពង់ចាមឆ្ពោះទៅកោះប៉ែន ចាប់ពីព្រឹកព្រលឹមរហូតដល់យប់ បន្ទាប់ពីស្ពាននេះត្រូវបានធ្វើរួចរាល់មិនទាន់បានមួយខែផងនោះ។ ដើម្បីបំពេញតម្រូវការឆ្លងកាត់កាន់តែច្រើន និងបង្កភាពងាយស្រួល ម្ចាស់ស្ពានបានកំពុងធ្វើស្ពានបន្ថែមមួយទៀតដែលពេលនេះ វាបានក្លាយជា ស្ពានឫស្សីភ្លោះកោះប៉ែន។

លោក យ៉ុង អូន ម្ចាស់ស្ពានឫស្សីកោះប៉ែនបានប្រាប់ថា សម្រាប់ឆ្នាំនេះ លោកបានចាប់ផ្តើមធ្វើស្ពានកាលពីខែតុលា និងទើបតែដាក់ឲ្យឆ្លងកាត់នៅដើមខែធ្នូ។ ស្ពាននេះមានប្រវែង៩០០ម៉ែត្រ និងមានទទឹង៣ម៉ែត្រ។ ស្ពានឫស្សីដែលត្រូវប្រើប្រាស់ឫស្សីអស់ចំនួន៤ម៉ឺនដើមអាចផ្ទុកទម្ងន់បានពី៣ទៅ៤តោន។ ដើម្បីងាយស្រួលដល់ការឆ្លងកាត់ លោកបានធ្វើស្ពានបន្ថែមមួយទៀតដែលវាបានក្លាយជាស្ពានភ្លោះ។ នេះជាលើកទីពីរហើយសម្រាប់ការធ្វើស្ពានភ្លោះ បន្ទាប់ពីឆ្នាំ២០១៥កន្លងទៅបានធ្វើម្តងហើយ ប៉ុន្តែចាប់ពីឆ្នាំដំបូងរហូតដល់ឆ្នាំ២០១៤មានស្ពានតែមួយប៉ុណ្ណោះ។
ម្ចាស់ស្ពានឫស្សីរូបនេះបន្តថា ដើម្បីការពារសុវត្ថិភាព អ្នកនៅក្នុងរថយន្តត្រូវចុះដើរ អ្នកបើកត្រូវដោះខ្សែក្រវាត់ចេញ ប៉ុន្តែសម្រាប់ម៉ូតូវិញជិះធម្មតា។ ទោះបីយ៉ាងណា ចាប់តាំងពីលោកធ្វើស្ពានឫស្សីនេះរយៈពេល១០ឆ្នាំមកគឺមិនធ្លាប់មានបញ្ហាសុវត្ថិភាពណាមួយកើតឡើងឡើយ។ នៅខាងមុខស្ពានមានដាក់ស្លាកណែនាំ និងលេខទូរសព្ទដែលអ្នកបើករថយន្តភាគច្រើនបានតេទូរសព្ទទៅសួរនាំមុនពេលឆ្លងជាពិសេសសម្រាប់ប្រភេទរថយន្តដែលមានទម្ងន់ចាប់ ពី៣តោនឡើង។
