អេស្ប៉ាញ៖ ការផ្ទេរកីឡាករឆ្នើម Antoine Greizmann ពីក្លិប Atletico Madrid ទៅលេងនៅ Manchester United មិនបានទទួលលទ្ធផលជាផ្លែផ្កានៅឡើយទេ ខណៈទីផ្សារដោះដូរកីឡាករត្រូវបានបិទទៅវិញ ប៉ុន្តែយ៉ាងណាក៏ដោយ ក្លិបបិសាចក្រហមរបស់អង់គ្លេសមួយនេះ មិនទាន់បោះបង់ចោលនៅឡើយទេ ពោលគឺពួកគេនឹងតាមប្រមាញ់ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះម្តងទៀត នៅពេលបញ្ចប់រដូវកាល។
ទាក់ទងនឹងបញ្ហាផ្ទេរកីឡារឆ្នើមប្រចាំក្លិបរបស់ខ្លួននេះ បានធ្វើឲ្យប្រធានក្លិបរបស់ Atl. Madrid លោក Enrique Cerezo ព្រលយសម្តីមួយម៉ាត់ថា « Manchester United គ្រាន់តែជាកូនក្លិប ឬក្លិបតូចតាចប៉ុណ្ណោះ» ធ្វើអ្នកគាំទ្រក្លិបបិសាចក្រហមជាច្រើនបានបញ្ចេញប្រតិកម្មមិនល្អចំពោះពាក្យមួយឃ្លានេះ។
គួរបញ្ជាក់ដែរថា ប្រធានក្លិប Atl. Madrid រូបនេះគឺមានចេតនាចង់ឲ្យខ្សែប្រយុទ្ធវ័យក្មេង Antoine Griezmann បន្តកុងត្រាថ្មីនៅជាមួយក្លិបរហូតដល់ឆ្នាំ២០២១ ដោយលោកបានបញ្ជាក់ថា «ខ្ញុំជឿជាក់ទៅលើកុងត្រាដែលបុគ្គលបានចុះហត្ថលេខា ហើយកុងត្រានេះគឺសម្រាប់បុគ្គល២រូប គ្រូបង្វឹក Diego Simone និងកីឡាករ Griezmann ផ្ទាល់» ។
ទាក់ទងនឹងបញ្ហានេះ លោក Enrique Cerezo ក៏ធ្លាប់បានលើកករណីកីឡាករ Sergio Aguero ដែលធ្លាប់លេងនៅ Atl. Madrid ពីមុនមកនិយាយដែរថា «គេជាកីឡាករល្អម្នាក់ តែគេបានគិតខុស នៅពេលដែលចាកចេញពីលីកអេស្ប៉ាញ ទៅលេងនៅអង់គ្លេសឲ្យក្លិប Manchester City។ ជាក់ស្តែងដូចដែលបានឃើញ Aguero ប៉ុន្មានប្រកួតចុងក្រោយនេះ គឺអង្គុយនៅខាងក្រៅជាកីឡាករបំរុងតែប៉ុណ្ណោះ» ៕
ប្រិយមិត្តអ្នកគាំទ្រ Manchester United យល់យ៉ាងណាដែរចំពោះសម្តីមួយម៉ាត់នេះ?

